ទេសាភិបាលធនាគារជាតិ ជា សិរី៖ កម្ពុជានៅតែបន្តសហការជាមួយចិន លើវិស័យធនាគារនិងហិរញ្ញវត្ថុ
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងថា កម្ពុជានៅតែបន្តសហការជាមួយប្រទេសចិនលើកិច្ចសហការនិងពង្រឹងវិស័យធនាគារនិងហិរញ្ញវត្ថុ សំដៅចូលរួមដល់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍រវាងប្រទេសទាំងពីរ កម្ពុជា-ចិន។
ការលើកឡើងរបស់លោកស្រី ជា សិរី ធ្វើឡើងក្នុងជំនួបជាមួយលោកស្រី ចុង ជា (Zhong Jie) អ្នកផ្ដល់ប្រឹក្សាផ្នែកពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ រាជធានីភ្នំពេញ។
ភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពនិងជំហានយុទ្ធសាស្រ្ត ដែលគួរអនុវត្តដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។
លោកស្រី ជា សិរី បានលើកឡើងពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត” ដែលធនាគារជាតិនៃកម្ពុជាបានចុះជាមួយក្រុមហ៊ុន Alipay និង UnionPay International ក្នុងគោលបំណងលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព ដោយប្រើ KHQR នៃប្រព័ន្ធបាគងនិងឃ្យូអរកូតសកលរបស់ក្រុមហ៊ុនទាំងពីរ។
លោកស្រីបានស្នើឱ្យភាគីចិនបន្តការគាំទ្រដល់ការកសាងសមត្ថភាពនិស្សិតនិងមន្ត្រី តាមរយៈការបង្កើនចំនួនអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់ឧត្តមនិងក្រោយឧត្តមសិក្សានៅប្រទេសចិន ព្រមទាំងពិចារណាលទ្ធភាពបញ្ជូនមន្ត្រីជំនាញពីធនាគារកណ្ដាលចិន (PBOC) មកផ្តល់ជំនួយបច្ចេកទេសធនាគារដល់មន្ត្រីធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងសមត្ថភាពស្ថាប័នផងដែរ៕