ក្រុមហ៊ុនសាជីវកម្មធនធានទឹកកូរ៉េ ស្វែងរកឱកាសវិនិយោគវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា
លោកបណ្ឌិត Yun Seogdae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានរបស់សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) បានបង្ហាញពីចំណាប់វិនិយោគលើវិស័យគ្រប់គ្រងទឹកនៅកម្ពុជា។
លោកបណ្ឌិត Yun Seogdae បានលើកឡើងពីចំណាប់អារម្មណ៍វិនិយោគនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោក Yun Seogdae បានថ្លែងអំណរគុណនិងសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយសម្ដេចធិបតីជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកទីមួយបានធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤។ លោកបានជម្រាបជូនសម្ដេចធិបតីអំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាកន្លងមក រវាងក្រុមហ៊ុននិងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក៏ដូចជាគោលបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក រវាងក្រុមហ៊ុននិងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ សម្ដេចក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលើការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្ដោតទៅលើការវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយអំពីភាពខ្លាំង ក៏ដូចជាផលប៉ះពាល់នៃគម្រោងនេះលើសង្គម-សេដ្ឋកិច្ចនិងបរិស្ថាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាឱ្យមានប្រព័ន្ធគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាឱ្យមានធនធានទឹកគ្រប់គ្រាន់ ទាំងនៅរដូវវស្សានិងរដូវប្រាំង សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាការរៀបចំចេញជាប្រព័ន្ធអេកូឡូស៊ីបម្រើដល់វិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម និងគ្រប់គ្រងហានិភ័យនៃគ្រោះទឹកជំនន់ក្នុងរដូវវស្សា និងគ្រោះរាំងស្ងួតក្នុងរដូវប្រាំង។ សម្ដេចក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសាជីវកម្ម K-water បន្តធ្វើការនិងភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕