អាម៉េរិកបង្ហាញឆន្ទៈក្នុងការពង្រឹងការវិនិយោគនៅកម្ពុជា
គណៈប្រតិភូធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាម៉េរិក បានបង្ហាញពីឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគជាមួយប្រទេសកម្ពុជា។
នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចកាលីហ្វ័រញ៉ា ដឹកនាំដោយលោក គីម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។
ក្នុងឱកាសនៃជំនួប លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីដំណើរអភិវឌ្ឍន៍របស់កម្ពុជាជាបន្តបន្ទាប់ឥតឈប់ឈរ ជាមួយនឹងគោលនយោបាយក្នុងការបង្កើនពិពិធកម្មសេដ្ឋកិច្ច សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ លោកក៏បានលើកឡើងអំពីសាវតានៃការបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាបេសកកម្មនិងចក្ខុវិស័យក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជននិងតំបន់សេដ្ឋកិច្ចពិសេស។
លោក ស៊ុន ចាន់ថុល ក៏បានរំលេចអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាបច្ច័យសម្រាប់ពិចារណាក្នុងការមកដាក់ទុនវិនិយោគ ក្នុងនោះរួមមានទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលកកើតឡើងវិញ សុខសន្តិភាពនិងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល និងបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែននិងអនុគ្រោះខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងវិស័យភស្តុភារកម្ម ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែបនិងប្រទាក់ក្រឡា ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និង ផ្លូវអាកាស សំដៅជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងទៅកាន់តំបន់មានភាពកាន់តែប្រសើរឡើង។
ជាការឆ្លើយតប គណៈប្រតិភូបានបង្ហាញនូវឆន្ទៈក្នុងការពិនិត្យលទ្ធភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋកាលីហ្វ័រញ៉ានិងកម្ពុជា ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ចនិងការវិនិយោគរវាងតំបន់ទាំងពីរ៕