ពេជ ចន្ទមុន្នី៖ ការផ្ដល់សិទ្ធិ អំណាចដល់ស្ត្រី ជាកត្តាសំខាន់ដែលជួយឱ្យជាតិទាំងមូលរីកចម្រើន

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន​ ម៉ាណែត បានថ្លែងថា ការផ្ដល់សិទ្ធិ​និងអំណាច​ដល់ស្ត្រី មិ​នត្រឹមតែ​ជួយឱ្យ​ស្ត្រីទទួលបាន​ជោគជ័យ​ប៉ុណ្ណោះទេ ​ ប៉ុន្តែ​ថែមទាំង​រួមចំណែក​ដល់ការ​រីកចម្រើន និងវិបុលភាព​នៃសង្គម និងប្រទេសជាតិ​ទាំងមូលផងដែរ។

តាមរយៈ​វីដេអូឃ្លីបអបអរសាទរ​ក្នុងឱកាស​ទិវា​នាទី​អន្តរជាតិ ៨ មីនា ២០២៥ ខួបលើកទី១១៤ ដែលមានរយៈពេល ២:១០ នាទី លោកស្រី ពេជ ចន្ទមុន្នី បានថ្លែងថា ការលើកកម្ពស់​សិទ្ធិ សមភាព និង បង្កើន​ភាពអង់អាច​ដល់ស្ត្រី​ និងក្មេងស្រី មិនត្រឹមតែ​ជាកិច្ចការ​ចម្បង​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍យូរអង្វែង​ប៉ុណ្ណោះទេ ក៏ជា​ភាពចាំបាច់ ជាឱកាស និង ជាកម្លាំង​ថ្មីមួយក្នុងការ​​រួមចំណែក​ពន្លឿន​ការសម្រេច​បាននូវ​សមភាព​យេនឌ័រ និងការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រកបដោយ​ភាពយូរអង្វែង​និងបរិយាបន្ន។

លោកស្រី ពេជ ចន្ទមុន្នី បានសង្កត់ធ្ងន់ថា ការផ្ដល់​សិទ្ធិអំណាច​ដល់ស្ត្រី គឺមិនត្រឹមតែ​បង្កើន​ភាពជោគជ័យ​សម្រាប់​ស្ត្រីខ្លួ​នឯង​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​ដល់វឌ្ឍនភាព​និងវិបុលភាព​នៃសង្គម​និងប្រទេសជាតិ​ទាំងមូល។ ស្ត្រីនិង​ក្មេងស្រី គឺជា​ភ្នាក់ងារ​នៃការ​ផ្លាស់ប្ដូរ​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ថ្មីៗ និងជា​សមាសភាព​ដ៏សំខាន់​មិនអាច​ខ្វះបាន ក្នុងការ​ជំរុញ​និងពន្លឿន​កិច្ចអភិវឌ្ឍន៍​លើគ្រប់វិស័យ។

លោកស្រី​បានអំពាវនាវ​ឱ្យគ្រប់​តួអង្គ​ទាំងអស់ ចាំបាច់​ត្រូវទទួលស្គាល់ គាំទ្រ និង ផ្ដល់តម្លៃ ព្រមទាំង​បង្ក​បរិយាកាស​ងាយស្រួល​ឱ្យស្ត្រី​និងក្មេងស្រី ឱ្យបាន​ចូលរួម​ដោយពេញលេញ និងទទួល​ភាគផល​ដោយស្មើភាព​ពីកិច្ចអភិវឌ្ឍ​លើគ្រប់​វិស័យ សំដៅ​ឆ្ពោះទៅ​ពង្រឹង​ភាពជាពលរដ្ឋ​នៅក្នុង​សង្គម​ដែលមាន​អារ្យធម៌​ខ្ពស់ ប្រកបដោយ​សីលធម៌ សមធម៌ និង បរិយាបន្ន ដែលក្នុងនោះ ស្ត្រី​គឺជា​ស្នូល។

ទិវា​នារី​អន្តរជាតិ ៨ មីនា ២០២៥ លើកទី១១៤ ត្រូវបាន​រៀបចំ​ឡើងក្រោម​ប្រធានបទ «សិទ្ធិ សមភាព និង ភាពអង់អាច​ចំពោះ​ស្ត្រីនិង​ក្មេងស្រី​គ្រប់រូប» ក្នុងគោលបំណង​ដើម្បី​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃការ​ទទួលបាន​និងអនុវត្តសិទ្ធិ ការលើក​កម្ពស់​សមភាព និងការ​ពង្រឹង​ភាពអង់អាច​ចំពោះ​ស្ត្រីនិង​ក្មេងស្រី​គ្រប់រូប​នៅកម្ពុជា។ ប្រធានបទ​នេះក៏ផ្តោត​សំខាន់​​លើការ​លើកកម្ពស់​ផលវិជ្ជមាន និងទាញយក​អត្ថប្រយោជន៍​ពីភាគលាភ​យេនឌ័រ​ជូនគ្រួសារ ពង្រឹង​សហគមន៍​និងវឌ្ឍនភាព​សង្គម ជំរុញ​កំណើន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និងលើក​កម្ពស់​សុខុមាលភាព​សង្គម ជាមួយការ​ឆ្លុះបញ្ចាំង​អំពី​វឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាព​នានា ជាពិសេស​បង្ហាញ​ពីការ​ប្តេជ្ញាចិត្ត​និងវិធានការ​វិជ្ជមាន ក្នុងការ​លើកកម្ពស់​សមភាព​យេនឌ័រ និងបង្កើន​ភាពអង់អាច​ដល់ស្ត្រី​និងក្មេងស្រី​គ្រប់រូប៕

你可能还喜欢