សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីធាតុចូលសំខាន់ៗដែលអាចជួយឱ្យការសម្រេចចិត្ត និងការរៀបចំគោលនយោបាយត្រឹមត្រូវ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា ការស្រាវជ្រាវនិងការប្រមូលទិន្នន័យនិងព័ត៌មាន ការវិភាគឱ្យបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ និង ការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់សម្រាប់ធ្វើការសម្រេចចិត្ត និងការរៀបចំគោលនយោបាយត្រឹមត្រូវ។
សម្តេចធិបតីបានថ្លែងក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព” នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។
សម្តេចធិបតីបានសង្កត់បញ្ជាក់ថា បើទិន្នន័យនិងព័ត៌មានដែលប្រមូលបានខុស នោះការសម្រេចចិត្តក៏ខុសដែរ ហើយការរៀបចំគោលនយោបាយក៏ខុសដូចគ្នា។ ការណ៍នេះនឹងធ្វើឱ្យខាតបង់ច្រើន រួមទាំងធនធានហិរញ្ញវត្ថុនិងពេលវេលា ហើយអ្នកដែលត្រូវអន្តរាគមន៍ជួយពិតប្រាកដត្រូវបានទុកចោល និងពេលខ្លះការអន្តរាគមន៍ខុសគោលដៅ ធ្វើឱ្យមានបញ្ហាលើសដើម។
ជាមួយគ្នានេះ សម្ដេចធិបតីបានបំផុសគំនិតឱ្យយកចិត្តទុកដាក់ពិភាក្សាលើបរិការណ៍សកល រួមមាន ៖ (១) ការកើនឡើងនូវចរន្តគាំពារនិយម ដែលអាចឈានទៅដល់សង្គ្រាមពាណិជ្ជកម្មនិងសង្រ្គាមបច្ចេកវិទ្យា (២) ការចាប់ផ្ដើមពឹងផ្អែកកាន់តែខ្លាំងឡើងលើសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច (៣) សម្ទុះនៃការធ្វើបរិវត្តកម្មឌីជីថលកាន់តែលឿន ជាពិសេសលើបញ្ញាសិប្បនិមិ្មត (AI) (៤) និន្នាការកើនឡើងនៃអន្តរកាលបៃតង តួយ៉ាងដូចជាការវិនិយោគលើថាមពលកកើតឡើងវិញ និងរថយន្តអគ្គិសនីជាដើម។ បន្ថែមពីនេះ ក្នុងបរិការណ៍កម្ពុជា សម្តេចក៏បានស្នើឱ្យមានការពិភាក្សាឱ្យបានផុលផុសលើ ៖ (១) ការកំណត់និងអភិវឌ្ឍវិស័យដែលជាប្រភពកំណើនថ្មី (២) ការត្រៀមលក្ខណៈចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (៣) យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង មធ្យម និងធុរកិច្ចបង្កើតថ្មី (៤) ការអភិវឌ្ឍជំនាញបច្ចេកទេស បំពេញគម្លាតនៃជំនាញ និង ការបំពេញតម្រូវការនាពេលអនាគត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ជាអនុសាសន៍ជូនវិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដើម្បីបន្តពង្រឹងសមត្ថភាពស្ថាប័ន ជាពិសេសលើកិច្ចការស្រាវជ្រាវរបស់ខ្លួនឱ្យកាន់តែមានគុណភាពខ្ពស់ប្រកបដោយគុណវុឌ្ឍិ សម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាសាធារណជនទូទៅ រួមមាន៖ (១) ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងតំបន់ ដើម្បីទទួលបាននូវទស្សនាទានបន្ថែម ជាមួយនឹងចក្ខុវិស័យកាន់តែទូលំទូលាយ ក្នុងគោលដៅបង្កើនសមត្ថភាពរបស់ស្ថាប័ន សម្រាប់បម្រើដល់ការវិភាគនិងសិក្សាស្រាវជ្រាវ (២) ការបំផុសគំនិតជជែកពិភាក្សាអំពីកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីបន្តលើកកម្ពស់ការបំផុសស្មារតីចូលរួមជជែកពិភាក្សា ផ្តោះប្តូរយោបល់ និង ហ៊ានលើកជាមតិយោបល់ក្នុងន័យស្ថាបនានិងកែលម្អ (៣) បន្តបំពេញតួនាទីជាសេវាមជ្ឈមណ្ឌលប្រមូលទិន្នន័យ និងបោះពុម្ពផ្សាយឯកសារស្រាវជ្រាវបែបបរិមាណវិស័យនិងគុណវិស័យ ដើម្បីបន្តលើកកម្ពស់ការសិក្សាស្រាវជ្រាវដែលប្រើប្រាស់ព័ត៌មាននិងទិន្នន័យបឋម តាមរយៈការចុះប្រមូលទិន្នន័យនិងស្ទង់មតិ ព្រោះថាសុក្រឹតភាពនិងសង្គតិភាពនៃទិន្នន័យបឋម ឬ ទិន្នន័យកម្រិតមីក្រូ (Micro data) គឺមានសារៈសំខាន់ណាស់សម្រាប់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយ ឬតម្រង់ទិសវិធានការគោលនយោបាយឱ្យកាន់តែចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង៕