ចិនផ្តល់ជំនួយដល់គម្រោងការពង្រឹងការអប់រំ សុខភាព និង អនាម័យសម្រាប់កុមារងាយរងគ្រោះបំផុត នៅកម្ពុជា
គម្រោងការពង្រឹងការអប់រំ សុខភាព និង អនាម័យសម្រាប់កុមារងាយរងគ្រោះបំផុតនៅកម្ពុជា បានធ្វើពិធីបើកជាផ្លូវការនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា រួមជាមួយវត្តមានលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក Will Parks ប្រធានអង្គការ UNICEF ប្រចាំកម្ពុជា។
គម្រោងជំនួយនេះ មានគោលបំណងដើម្បីបំពេញចន្លោះក្នុងការធានាគុណភាព និងលទ្ធភាព ក្នុងការទទួលបានសេវាសំខាន់ៗសម្រាប់កុមារ ស្ត្រី និង សមាជិកគ្រួសារ រួមទាំងទារកទើបនឹងកើត កុមារដែលមានពិការភាព កុមារដែលមានហានិភ័យនៃកង្វះអាហារូបត្ថម្ភ ជនជាតិភាគតិច និង គ្រួសារក្រីក្រនៅក្នុងតំបន់ដាច់ស្រយាលមួយចំនួននៅក្នុងប្រទេសកម្ពុជា។
លោក ឈាង រ៉ា បានថ្លែងអំណរគុណចំពោះសាធារណៈរដ្ឋប្រជាមានិតចិន សម្រាប់ការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាជាមួយអង្គការ UNICEF និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារកុមារដែលត្រូវការជំនួយបន្ថែម ដែលបង្ហាញពីការសហការគ្នាក្នុងការធានាបានថា កុមារគ្រប់រូបទទួលបានការបំពេញសិទ្ធិរបស់ពួកគេក្នុងការរៀន រីកចម្រើន និង អភិវឌ្ឍឱ្យពេញសមត្ថភាពរបស់ពួកគេ។
ក្នុងគម្រោងនៃភាពជាដៃគូនេះ មានគោលបំណងលើកកម្ពស់អក្ខរកម្មមូលដ្ឋាននិងជំនាញលេខសម្រាប់អ្នកសិក្សាវ័យក្មេងបំផុតរបស់ប្រទេស។ វានឹងផ្តល់ការផ្គត់ផ្គង់សម្ភារៈនិងចំណេះដឹងដល់គ្រូបង្រៀន ១ ម៉ឺននាក់និងសិស្ស ៨ ម៉ឺននាក់នៅក្នុងសាលាមត្តេយ្យសិក្សានិងបឋមសិក្សា រួមទាំងកុមារពិការចំនួន ៦០០ នាក់ ដើម្បីកែលម្អកម្រិតបឋមសិក្សានិងការរៀនសូត្ររួមបញ្ចូល។ គម្រោងនេះក៏នឹងពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលចំនួន ៦០០ នាក់នៅទូទាំងមណ្ឌលសុខភាពចំនួន ២០០ និងសមាជិកក្រុមគាំទ្រសុខភាពភូមិចំនួន ៨០០ នាក់។ បុគ្គលិកថែទាំសុខភាពនិងគ្រូបង្រៀន ក៏នឹងត្រូវបានគាំទ្រក្នុងការទទួលយកឥរិយាបថថែទាំដែលមានសុខភាពល្អ និងចិញ្ចឹមបីបាច់ថែរក្សានិងតាមដានការលូតលាស់របស់កុមារ ដែលមានសារៈសំខាន់ក្នុងការថយចុះហានិភ័យនៃកង្វះអាហារូបត្ថម្ភរបស់កុមាររហូតដល់ ៦,៥ ម៉ឺននាក់ និងកុមារអាយុក្រោម ៥ ឆ្នាំចំនួន ៣ ម៉ឺននាក់៕