តើការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគតរបស់ចិន នឹងនាំមកនូវផលប្រយោជន៍អ្វីខ្លះជូនដល់ពិភពលោក ?
«ប្រទេសចិននឹងផ្តោតលើការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត(Future Industry) ដូចជាជីវផលិតកម្ម ( Bio-manufacturing ) បច្ចេកវិទ្យាកង់ទិច និងប្រព័ន្ធ 6G ជាដើម ព្រមទាំងពន្លឿនការធ្វើបរិវត្តកម្មឌីជីថលវិស័យឧស្សាហកម្មកម្មន្តសាល ធ្វើកិច្ចខិតខំប្រឹងប្រែងពេញទំហឹងក្នុងការអភិវឌ្ឍរថយន្តអគ្គិសនីមានបំពាក់ឧបករណ៍អាចតភ្ជាប់អ៊ីនធឺណិត ទូរស័ព្ទដៃនិងកុំព្យូទ័រវៃឆ្លាត និងមនុស្សយន្តវៃឆ្លាតជាដើមដែលជាបរិក្ខារជំនាន់ចុងក្រោយ ។» នេះជាការលើកឡើងក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនក្នុងមហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ដែលបើកធ្វើនាព្រឹកថ្ងៃទី ៥ ខែមីនានេះ ។
បច្ចុប្បន្ន ពិភពលោកកំពុងស្ថិតក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ពោលគឺឈានចូលសម័យកាលដែលប្រើប្រាស់បញ្ញាសិប្បនិម្មិតកាន់តែច្រើនឡើងៗទាំងក្នុងជីវភាពប្រចាំថ្ងៃនិងក្នុងវិស័យនានា ។ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចុងក្រោយ មិនត្រឹមតែបានផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍របស់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានកែប្រែទម្លាប់រស់នៅរបស់ប្រជាជនផងដែរ ។
ក្នុងបរិបទដែលពិភពលោកមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាខាងផលិតកម្ម ប្រសិនបើនៅតែប្រកាន់យកឧស្សាហកម្មប្រពៃណីដោយគ្មានការច្នៃប្រឌិតថ្មីទេ នោះនឹងបាត់បង់កម្លាំងប្រកួតប្រជែងជាបណ្តើរៗ ហើយចុងបំផុតនឹងឈានទៅរកភាពអន់ថយ ។ អាស្រ័យហេតុនេះ គេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្តោតលើការធ្វើបរិវត្តកម្មឧស្សាហកម្មច្នៃប្រឌិតថ្មីនិងឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត ។
តើអ្វីទៅជាឧស្សាហកម្មនាពេលអនាគត ? និយាយឱ្យខ្លីគឺជាឧស្សាហកម្មងើបឡើងថ្មីដែលគាំទ្រដោយបច្ចេកវិទ្យាឈានមុខ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលបឋមដែលមិនទាន់មានភាពប្រាកដប្រជា តែមានសក្តានុពលធំធេងនាពេលអនាគត ។ ចាប់ពីជំនាន់បដិវត្តន៍ឧស្សាហកម្ម ៣.០ ដែលមានសន្ទុះអភិវឌ្ឍន៍ខ្លាំងក្លាផ្នែកទូរគមនាគមន៍ដែលយើងហៅថាយុគសម័យព័ត៌មានវិទ្យា រហូតដល់បដិវត្តន៍ឧស្សាហកម្ម ៤.០ ឬហៅថាយុគសម័យបញ្ញាសិប្បនិម្មិតនាពេលបច្ចុប្បន្ន ប្រទេសចិនបានរួមចំណែកមិនអាចខ្វះបានក្នុងការអភិវឌ្ឍនៃឧស្សាហកម្មជំនាន់ថ្មីរបស់ពិភពលោក ។
កាលពីឆ្នាំ ២០២៤ ប្រទេសចិនផលិតបានរថយន្តអគ្គិសនីលើសពី ១៣ លានគ្រឿង ដែលបាននាំចេញទៅកាន់ប្រទេសនិងតំបន់ជាង ១០០ នៅលើពិភពលោក ។ រថយន្តអគ្គិសនីរបស់ចិនមិនត្រឹមតែបានរួមចំណែកដល់ការអភិវឌ្ឍបៃតងនិងកាបូនទាបរបស់ប្រទេសពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ភាពងាយស្រួយនិងផាសុកភាពជូនអ្នកប្រើប្រាស់តាមរយៈការបំពាក់សម្ភារៈទំនើបៗនិងមានដំឡើងឧបករណ៍អាចតភ្ជាប់ជាមួយអ៊ីនធឺណិត ដែលជាប្រភេទរថយន្តវៃឆ្លាតអាចប្រតិបត្តិដោយស្វ័យប្រវត្តិលើមុខងារមួយចំនួនធំ ។
ដូចដែលយើងទាំងអស់បានដឹងស្រាប់ហើយថា ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតមិនអាចឃ្លាតឆ្ងាយពីប្រព័ន្ធទូរគមនាគមន៍នោះទេ ក្នុងនោះ ប្រព័ន្ធ 5G ដែលជាប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ថ្មីបានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់មួយដែលតភ្ជាប់នវានុវត្តន៍ និងធុរកិច្ច ។ សមត្ថភាពកសាងប្រព័ន្ធ 5G របស់ប្រទេសចិនមិនត្រឹមតែបានពន្លឿនការធ្វើឌីជីថលូបនីយកម្ម និងនវានុវត្តន៍របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយបណ្តាប្រទេសដែលខ្វះសមត្ថភាពនិងបច្ចេកទេសកសាងប្រព័ន្ធ 5G ឱ្យមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីដើម្បីកាន់តែងាយស្រួលក្នុងការតភ្ជាប់ជាមួយពិភពលោក ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធ 5G របស់ចិនដែលមានល្បឿនអ៊ីនធឺណិតលឿនបានធ្វើឱ្យពិភពលោកទាំងមូលតភ្ជាប់គ្នាកាន់តែជិតស្និទ្ធ ក៏ដូចជារួមចំណែកសំខាន់សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការធ្វើធុរកិច្ចឆ្លងប្រទេស និងការលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ។ល។ យ៉ាងណាមិញ ការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគតរបស់ប្រទេសចិន ពិសេសប្រព័ន្ធ 6G បានបង្ហាញពីមហិច្ឆតារបស់ចិនដែលធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងប្រទេសខ្លាំងក្លាខាងនវានុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក៏ដូចជានឹងនាំមកនូវផលិតផលសាធារណៈដែលមានគុណភាពនិងប្រសិទ្ធភាពកាន់តែខ្ពស់ជូនចំពោះពិភពលោកទាំងមូល ។
សុខភាពរបស់ប្រជាជនជារឿងចម្បង ដូច្នេះ ការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគតមិនអាចខ្វះបានទេនូវការអភិវឌ្ឍផ្នែកវេជ្ជសាស្ត្រ ។ ក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនដែលបានលើកឡើងពីការផ្តោតលើការអភិវឌ្ឍជីវផលិតកម្ម ( Bio-manufacturing ) គឺជាការសិក្សាស្រាវជ្រាវថ្មីលើវិស័យវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ដែលអាចនឹងឈានដល់បដិវត្តន៍វេជ្ជសាស្ត្រជំនាន់ថ្មីដែលជា«ខែលការពារ»កាន់តែរឹងមាំសម្រាប់ការពារសុខភាពរបស់មនុស្សជាតិនាពេលអនាគត ។
ជានិច្ចកាល ប្រទេសចិនតែងតែរួមចំណែកជា«ផែនការចិន»សម្រាប់ចូលរួមដោះស្រាយបញ្ហាប្រឈមរួមជាសកល ឧទាហរណ៍ដូចជាការកាត់បន្ថយភាពក្រីក្រ បម្រែបម្រួលអាកាសធាតុ និងជំងឺរាតត្បាតសកលជាដើម ។ ជាពិសេស ការអភិវឌ្ឍរបស់ចិនបាននាំមកនូវផលិតផលសាធារណៈជាច្រើនដែលបម្រើផលប្រយោជន៍របស់មនុស្សជាតិទាំងមូល គេអាចជឿជាក់ថា ការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគតរបស់ប្រទេសចិន ប្រាកដជាអាចរួមចំណែកកាន់តែធំសម្រាប់ការអភិវឌ្ឍនិងវិបុលភាពរួមរបស់ពិភពលោកនាថ្ងៃអនាគតជាក់ជាមិនខាន ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន