សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់និងផ្តល់លិខិតសរសើរជូនចំពោះលោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ក្នុងកិច្ចការសប្បុរសធម៌ជួយកុមារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយនិងវាយតម្លៃខ្ពស់ចំពោះលោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលបានជួយដល់កុមារកំព្រានិងកុមារដែលមានទុក្ខលំបាករាប់រយនាក់នាពេលកន្លងមក និងបានផ្តល់នូវលិខិតសរសើរជូនចំពោះលោក ផន ផល្លា ផងដែរ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ ខ្ញុំបានតាមដានមួយរយៈនូវសកម្មភាពរបស់ប្អូនប្រុស ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលគាត់បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈនិងស្មារតីមនុស្សធម៌ ដើម្បីជួយដល់ក្មួយៗកុមារកំព្រានិងកុមារដែលមានទុក្ខលំបាករាប់រយនាក់នៅក្នុងមណ្ឌលរបស់គាត់។
ក្នុងឱកាសនៃជំនួបនេះផងដែរ សម្តេចធិបតីបានសម្តែងនូវសេចក្ដីរំភើប ស្ញប់ស្ញែង និង កោតសរសើរចំពោះទឹកចិត្តនិងការតស៊ូក្នុងជីវិតរបស់លោក ផន ផល្លា រហូតបានក្លាយពីកុមារកំព្រាម្នាក់ដែលធ្លាប់ផ្ញើវាសនានៅក្នុងមណ្ឌលកុមារកំព្រានេះ ទៅជាមនុស្សម្នាក់ដែលផ្ដល់សេចក្តីសុខនិងភាពកក់ក្តៅដល់ក្មួយៗរាប់រយនាក់ ដែលកំពុងជួបការលំបាកដូចរូបលោកកាលពីអតីតកាល។
សម្តេចក៏បានជូនពរលោក ផន ផល្លា ឱ្យទទួលបានជោគជ័យបន្តទៀតក្នុងកិច្ចការងារមនុស្សធម៌នេះ ដែលនេះមិនត្រឹមតែជាសកម្មភាពគំរូសម្រាប់ក្មួយៗនៅក្នុងមណ្ឌលនោះទេ ប៉ុន្តែក៏ជាគំរូដ៏ល្អសម្រាប់យុវជនខ្មែរដទៃទៀត ដែលភាពជោគជ័យរបស់លោកបានសបញ្ជាក់ថា បើយើងមានឆន្ទៈ ស្មារតីតស៊ូ និង គំនិតវិជ្ជមាន ទោះជាលទ្ធភាពយើងមានកំណត់ ក៏យើងអាចសម្រេចបាននូវកិច្ចការជាច្រើន ដែលមិនត្រឹមតែជួយខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែអាចជួយដល់អ្នកដទៃ និងបង្កើតស្នាដៃវិជ្ជមានក្នុងសង្គមផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមគាំទ្រដល់សកម្មភាពមនុស្សធម៌ ដូចជាសកម្មភាពរបស់លោក ផន ផល្លា ក៏ដូចជារាល់សកម្មភាពទាំងឡាយណាដែលផ្ដល់ផលប្រយោជន៍វិជ្ជមានដល់អ្នកដទៃនិងសង្គមជាតិ។
ដោយឡែក នៅក្នុងលិខិតសរសើរជូនចំពោះលោក ផន ផល្លា មណ្ឌលមែកឈើ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ “ក្នុងនាមខ្ញុំផ្ទាល់និងក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវមោទកភាពចំពោះសកម្មភាពរបស់លោក ដែលជាកម្លាំងចលករដ៏សប្បុរស ចូលរួមចំណែកដោយផ្ទាល់ក្នុងការកសាងសមិទ្ធផលសង្គមជាតិយើង”។
លោក ផន ផល្លា ជាបុគ្គលដែលមានសមានចិត្តនិងកាយវិការប្រកបដោយភាពច្នៃប្រឌិត ក្នុងការកៀរគរកម្លាំងសប្បុរសធម៌ពីមហាជន ដើម្បីជួយដល់កុមារគ្មានទីពឹង ក្មេងកំព្រា ក្មេងអនាថា ក្មេងពិការ ក្មេងត្រូវបានគេរំលោភបំពាន ព្រមទាំងក្មេងរងគ្រោះផ្សេងៗទៀត ដើម្បីផ្តល់នូវទីកន្លែងសុវត្ថិភាព ការថែទាំ ទំនុកបម្រុងម្ហូបអាហារ ព្រមទាំងបញ្ជូនឱ្យទៅសិក្សាផងដែរ៕