ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន បញ្ជាក់ពីការបន្តនិងបង្កើនកិច្ចសហប្រតិបត្តិការ លើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយឱ្យកាន់តែល្អប្រសើរ

នាព្រឹក​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី ស៊ី ស៊ាវសៀ (Xu Xiaoxia) អនុប្រធាន​ផ្នែកភាសាខ្មែរ​នៃមជ្ឈមណ្ឌល​កម្មវិធី​ភាសា​តំបន់​អាស៊ី និងអាហ្វ្រិក​នៃអគ្គស្ថានីយ​វិទ្យុ​និងទូរទស្សន៍​មជ្ឈិមចិន (CMG) រួមទាំង​ប្រធាន​គ្រប់គ្រង​វិទ្យុ​មិត្តភាព​កម្ពុជា-ចិន នៅទីស្តីការ​ក្រសួង​ព័ត៌មាន​ រាជធានី​ភ្នំពេញ។

ភាគី​ទាំងពីរ​បានគូស​បញ្ជាក់​​ពី​ការ​​បន្ត​ពង្រីក​និងបង្កើន​កិច្ចសហប្រតិបត្តិការ​ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ល្អប្រសើរ ដែលកិច្ចសហប្រតិបត្តិការ​ល្អទ្វេភាគី បានអនុវត្ត​ស្របតាម​ទំនាក់​ទំនង​ពីមិត្តដែកថែប​មកជា​មិត្តត្បូងពេជ្រ កម្ពុជា-ចិន។

លោក នេត្រ ភក្ត្រា បានលើកឡើងថា បច្ចុប្បន្ននេះ ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) មានការ​ផ្សាយជា​ភាសាខ្មែរ បារាំង អង់គ្លេស និង ភាសាអារ៉ាប់ ហើយចង់​​ឱ្យ​បង្កើត​​ជា​ភាសា​ចិនមួយទៀត។ ជា​មួយ​នេះ វិទ្យុជាតិ​កម្ពុជា​មានកិច្ចសហប្រតិបត្តិការ​ជាមួយ​វិទ្យុ​មិត្តភាព​កម្ពុជា-ចិន ហើយ​វិទ្យុជាតិ​​ក៏​មាន​​កម្មវិធី​ផ្សាយ​ជា​​ភាសា​បារាំង​និងអង់គ្លេស ហើយក៏ចង់​​ឱ្យមាន​កម្មវិធីផ្សាយ​ជាភាសា​ចិនផងដែរ។

ក្នុងកិច្ចសហប្រតិបត្តិការ​​ក្នុង​ការ​​ផ្លាស់ប្តូរ​ព័ត៌មាន​ទៅវិញ​ទៅមក​បន្ត​ទៅមុខ​ទៀត លោក នេត្រ ភក្ត្រា ចង់ពង្រីក​​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​​លើ​ការ​បកប្រែ​ព័ត៌មាន​សំខាន់ៗ ដែល​កើត​មាន​ឡើង​នៅកម្ពុជា ពីភាសា​ខ្មែរទៅ​ភាសាចិន ហើយក៏​បកប្រែ​ព័ត៌មាន​នៅប្រទេស​ចិន ពីភាសា​ចិនមក​ភាសាខ្មែរ ដែលជា​ក្របខណ្ឌ​នៃការផ្សារភ្ជាប់​នូវទំនាក់​ទំនង​ល្អរវាង​ប្រជាជន​និងប្រជាជន តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិតនិង​ត្រឹមត្រូវ។

ឆ្លៀតក្នុង​ឱកាសនោះ លោកបាន​ស្នើដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ CMG ចិន ជួយ​លើ​​ផ្នែក​បច្ចេកទេស​និង​សម្ភារៈ​​ឧបករណ៍ ​ដើម្បី​​សម្រួល​ដល់ការ​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ជា​ពិសេស CMG ដែល​មាន​​បណ្តាញ​​ផ្សាយ​ជាច្រើន ជួយ​បង្កើន​​ការ​ផ្សព្វផ្សាយ​​ពី​បរិបទ​​នៃ​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ និង សម្បត្តិ​ធម្មជាតិ ពិសេស​​តំបន់​​ទេសចរណ៍​​ដ៏​សម្បូរបែប​​នៅ​កម្ពុជា ទៅ​ឱ្យ​ប្រជាជនចិន​បានដឹង​ស៊ីជម្រៅ​បន្ថែមទៀត។

លោកស្រី ស៊ី ស៊ាវសៀ បានសម្តែង​​នូវ​ការ​​រីករាយ​ដោយ​ឃើញ​ពី​លទ្ធផល​ល្អ​នៃ​កិច្ចសហប្រតិបត្តិការ​រវាងប្រព័ន្ធ​ផ្សព្វផ្សាយ CMG ប្រទេស​ចិន​និងក្រសួង​ព័ត៌មាន​កម្ពុជា។ លោកស្រី​បានឯកភាព​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នូវរាល់​ចំណុច​សំខាន់ៗ ដែលលោក នេត្រ ភក្ត្រា បានលើកឡើង ហើយត្រូវតែ​រួមគ្នា​អនុវត្តឱ្យទទួលបាន​លទ្ធផល​ថ្មីៗ​បន្ថែមទៀត។

លោកស្រី​បានឱ្យដឹងថា CMG គឺជា​ប្រពន្ធ័​ផ្សព្វផ្សាយ​រដ្ឋរបស់​ប្រទេសចិន ដែលមាន​ទ្រង់ទ្រាយ​ធំជាងគេ និងបាន​ផលិត​កម្មវិធី​ច្រើនជាងគេ​លើពិភពលោក តាមរយៈ​ប្រពន្ធ័​ផ្សាយ CGTN និង CCTV។ សម្រាប់​វិទ្យុ​មិត្តភាព​កម្ពុជា-ចិន គឺជា​សាខា​ផ្សព្វផ្សាយ​ព័ត៌មាន​និងកម្មវិធី​នានា​មកកាន់​ប្រទេស​កម្ពុជា តាមរយៈ CGTN ហើយដំណើរ​ទំហំ​នៃការផ្សាយ​របស់ CGTN មានចំនួន ៦៨ ភាសា ដើម្បី​ផ្សាយទៅ​កាន់ពិភពលោក។

ភាគី​ទាំងពីរ​មានសុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​លើប្រព័ន្ធ​ផ្សព្វផ្សាយ​ទ្វេភាគី កម្ពុជា-ចិន និងបាន​ប្តេជ្ញាចិត្ត​ធ្វើយ៉ាងណា​ជំរុញ​និងលើកកម្ពស់​ប្រសិទ្ធភាព​នៃការអនុវត្ត​កិច្ចសហប្រតិបត្តិការ​នេះឱ្យកាន់តែ​ល្អប្រសើរឡើង៕

你可能还喜欢