សមាគមនិកាយចិនទៀជីវនៅកម្ពុជា អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ៖ ស្ត្រីជាតួអង្គសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់សង្គមជាតិ
នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ សមាគមនិកាយចិនទៀជីវនៅកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបលើកទី ១៤៤ នៃទិវានារីអន្តរជាតិ ៨ មីនា នៅសាកលវិទ្យាល័យ ទួនហ្វា ក្រោមអធិបតីភាពលោក ឡាវ ម៉េងឃីន ប្រធានសមាគមនិកាយចិនទៀជីវនៅកម្ពុជា និងថ្នាក់ដឹកនាំនិងសមាជិក សមាជិកាសមាគម ព្រមទាំងវត្តមានថ្នាក់ដឹកនាំនិងលោកគ្រូ អ្នកគ្រូនៃសាលារៀន ទួនហ្វា ទាំងអស់ផងដែរ។
លោក ឡាវ ម៉េងឃីន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងលោកគ្រូ អ្នកគ្រូនៃសាលារៀន ទួនហ្វា ទាំងអស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបីភាសា (ខ្មែរ ចិន អង់គ្លេស) ជាពិសេសភាសាខ្មែរនិងភាសាចិន ដែលជាតម្រូវការចាំបាច់ក្នុងបរិបទបច្ចុប្បន្ននៅកម្ពុជា ខណៈដែលកម្ពុជាជាប្រទេសដែលមានសក្តានុពលលើវិស័យទេសចរណ៍និងវិនិយោគ ហើយមានវិនិយោគិនចិនបាននិងកំពុងតែមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងៗ ដែលទាមទារឱ្យមានធនធានមនុស្សពីរភាសា គឺភាសាខ្មែរនិងភាសាចិនជាចាំបាច់ ដើម្បីបំពេញតម្រូវការទីផ្សារការងារនៅកម្ពុជា។
លោកបានចាត់ទុកលោកគ្រូ អ្នកគ្រូទាំងអស់ សុទ្ធសឹងជាតួអង្គដ៏សំខាន់និងមិនអាចខ្វះបានក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនិងសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។ លោកបានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូទាំងអស់ ឱ្យបន្តនូវទឹកចិត្តនិងស្មារតីប្រកបដោយសុទិដ្ឋិនិយមក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់សង្គមជាតិកម្ពុជា ក៏ដូចជាចូលរួមចំណែកក្នុងការផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌ និងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន។
សាលារៀន ទួនហ្វា គឺជាសាលាបង្រៀនភាសាចិនធំជាងគេនៅក្នុងប្រទេសកម្ពុជា និងបានបណ្តុះបណ្តាលធនធានមនុស្សពីរភាសា (ខ្មែរ-ចិន) រាប់ម៉ឺននាក់ ដែលបច្ចុប្បន្ននេះពួកគេសុទ្ធសឹងជាធនធានដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ លើសពីនេះ សាលារៀន ទួនហ្វា បានចូលរួមលើកកម្ពស់ស្ត្រីប្រកបដោយបុរេសកម្ម ដោយបច្ចុប្បន្នគ្រូបង្រៀននៅសាលារៀន ទួនហ្វា ចំនួន ២ ភាគី ៣ គឺជាស្ត្រី ដែលជាធនធានប្រកបដោយសក្តានុពល និងបានក្លាយជាថ្នាក់ដឹកនាំសំខាន់ៗនៅសាលារៀន ទួនហ្វា នេះផងដែរ៕