ជនបរទេស ២៥៨ នាក់ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់ នៅខេត្តមណ្ឌលគិរីត្រូវបានឃាត់ខ្លួន
ទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ នៅចំណុចអគារមេគង្គ ៧៤ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានកម្លាំងជំនាញនគរបាលជាតិបើកប្រតិបត្តិការបង្ក្រាប កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ និងឃាត់ខ្លួនជនបរទេសសរុបចំនួន ២៥៨ នាក់ និងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍តាមរថយន្តក្រុង។
ប្រតិបត្តិការទ្រង់ទ្រាយធំនេះ គឺធ្វើឡើងក្រោយក្រសួងមហាផ្ទៃទទួលព័ត៌មាននិងសេចក្តីរាយការណ៍ដែលផ្ញើចូលទំព័រហ្វេសប៊ុករបស់ក្រសួង កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។ កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី ក្រោមការបញ្ជារបស់លោក ស ថេត អគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការបង្រ្កាបនៅទីតាំងខាងលើ ដោយបានឃាត់ខ្លួនជនបរទេសសរុបចំនួន ២៥៨ នាក់ រួមមានជនជាតិចិនចំនួន ២៤៧ នាក់ មីយ៉ាន់ម៉ាចំនួន ៩ នាក់ ម៉ាឡេស៊ីចំនួន ១ នាក់ និង ជនជាតិវៀតណាមចំនួន ១ នាក់។
ក្រោយចុះបង្ក្រាប កម្លាំងនគរបាលជំនាញបានរកឃើញថា ជនសង្ស័យ ១៤ នាក់ (ចិន ៧ នាក់និងមីយ៉ាន់ម៉ា ៧ នាក់) មានសញ្ញាណពាក់ព័ន្ធនឹងការប្រព្រឹត្តសកម្មភាពប្រើអំពើហិង្សានិងបង្ខំឱ្យធ្វើការ។ កម្លាំងនគរបាលបានបញ្ជូនជនសង្ស័យ ១៤ នាក់និងជនរងគ្រោះជនជាតិចិន ១ នាក់ទៅស្នងការដ្ឋានខេត្តមណ្ឌលគិរី ដើម្បីធ្វើការសាកសួរនាំបន្ត។ ដោយឡែក សម្រាប់ជនបរទេសចំនួន ២៤៣ នាក់ (ចិន ២៣៩ នាក់ មីយ៉ាន់ម៉ា ២ នាក់ ម៉ាឡេស៊ី ១ នាក់ វៀតណាម ១ នាក់) ផ្សេងទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីច្បាប់៕