នាយករដ្ឋមន្ត្រីកម្ពុជា៖ ការសម្រួលចរាចរណ៍ត្រូវផ្តល់អាទិភាព ដល់រថយន្តសង្គ្រោះបន្ទាន់ និងគិតគូរដល់ពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា កម្លាំងមានសមត្ថកិច្ចទាំងអស់ ក្នុងពេលសម្រួលចរាចរណ៍ដល់ក្បួនរថយន្តថ្នាក់ដឹកនាំ ត្រូវផ្តល់អាទិភាពដល់រថយន្តសង្គ្រោះបន្ទាន់ និងគិតគូរពីពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលាបិទផ្លូវសម្រាប់ក្បួនរថយន្តថ្នាក់ដឹកនាំឆ្លងកាត់។
តាមរយៈសារជាសំឡេងនាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតីបានស្នើដល់នគរបាលចរាចរណ៍និងកម្លាំងមានសមត្ថកិច្ចក្នុងពេលសម្រួលចរាចរណ៍ជូនក្បួនរថយន្តថ្នាក់ដឹកនាំ បូករួមទាំងរថយន្តនាយករដ្ឋមន្ត្រីផងដែរ ត្រូវផ្តល់អាទិភាពដល់រថយន្តសង្គ្រោះបន្ទាន់ ព្រោះការជួយសង្គ្រោះជីវិតមនុស្សសំខាន់ជាងក្បួនរថយន្តថ្នាក់ដឹកនាំ។ ទន្ទឹមនឹងនេះ ក៏ត្រូវគិតគូរដល់ការកកស្ទះចរាចរណ៍ ប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយសារតែការបិទផ្លូវសម្រាប់ក្បួនរថយន្តថ្នាក់ដឹកនាំ ព្រោះប្រជាពលរដ្ឋក៏ត្រូវការបំពេញការងារឱ្យទាន់ពេលវេលាផងដែរ។
សម្តេចបានផ្តល់នូវអនុសាសន៍ជូនក្រសួងនិងស្ថាប័នមានសមត្ថកិច្ច ធ្វើយ៉ាងណាលើកកម្ពស់ប្រសិទ្ធភាពក្នុងកិច្ចការសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំផង និងជូនប្រជាពលរដ្ឋផង ដូចជាការកាត់បន្ថយពេលវេលាបិទផ្លូវ ការបញ្ចៀសចរាចរណ៍ និង ការសម្រួលចរាចរណ៍ជាដើម។
ក្នុងឱកាសនេះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់បងប្អូនសមត្ថកិច្ចទាំងអស់ ជាពិសេសនគរបាលចរាចរណ៍ ដែលបានខិតខំប្រឹងប្រែងគ្រប់ពេលវេលា ដើម្បីធានានូវសុវត្ថិភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ តាមបណ្តោយដងផ្លូវសាធារណៈនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ ដែលមានប្រជាជនច្រើន ហើយសកម្មភាពសេដ្ឋកិច្ចក៏រស់រវើកខ្លាំង។
សម្តេចបានថ្លែងថា៖ “ខ្លួនខ្ញុំក៏ធ្លាប់ដឹកនាំផ្ទាល់ នូវការងារសន្តិសុខសម្រាប់ការពារថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ខ្ញុំយល់ច្បាស់អំពីការលំបាក ពេលខ្លះក្នុងការបំពេញភារកិច្ចតាមតួនាទី ក្នុងការធានាតុល្យភាពនៃការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ជាមួយនឹងការសម្រួលសកម្មភាពជូនប្រជាពលរដ្ឋ នៅក្នុងតំបន់ការពារសុវត្ថិភាពមួយចំនួន។ ទោះជាយ៉ាងនេះក្តី ការអនុវត្តភារកិច្ចដោយម៉ឺងម៉ាត់ និងហ្មត់ចត់ ប្រកបដោយភាពបត់បែនទៅតាមករណីចាំបាច់នីមួយៗ ជាពិសេសករណីពាក់ព័ន្ធជាមួយការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ជាកិច្ចការដែលយើងត្រូវខិតខំបន្តរួមគ្នាធ្វើ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ”។
ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ដែលទោះបីជាបងប្អូនសមត្ថកិច្ច ខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់ ជាអតិបរមាយ៉ាងណាក៏ដោយ ក៏ពេលខ្លះមិនអាចជៀសផុតពីការរំខាន ដល់លំហូរចរាចរណ៍រយៈពេលខ្លី នៅតាមផ្លូវសាធារណៈមួយចំនួននោះទេ៕