សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស
នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកស្រី គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មីប្រចាំកម្ពុជា (និវេសនដ្ឋាននៅទីក្រុងបាងកក) នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោកស្រី គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស បានសម្ដែងនូវចំណាប់អារម្មណ៍ជាខ្លាំង ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងអំឡុងពេល ២ ទសវត្សរ៍ចុងក្រោយនេះ។
លោកស្រីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងហ្វាំងឡង់និងកម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជាការបោសសម្អាតមីន កសិកម្ម និង ការចុះបញ្ជីបណ្ណកម្មសិទ្ធិដីធ្លី។ លោកស្រីក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរលោកស្រី គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនហ្វាំងឡង់ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្នមានរយៈពេល ៥៥ ឆ្នាំមកហើយ។ សម្ដេចជឿជាក់ថា តួនាទីរបស់លោកស្រីឯកអគ្គរដ្ឋទូត នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ហ្វាំងឡង់ ឱ្យកាន់រីកចម្រើនថែមទៀត។
ក្នុងជំនួបនេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ក៏បានពិភាក្សាអំពីសក្កានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល បរិស្ថាន ពាណិជ្ជកម្ម វិនិយោគ និង ធុរកិច្ច ជាពិសេសលើសារ:សំខាន់នៃនិវានុវត្តន៍ និងការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម។ សម្ដេចបានលើកទឹកចិត្តឱ្យលោកស្រីឯកអគ្គរដ្ឋទូតបន្តភ្ជាប់ទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងហ្វាំងឡង់៕