សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថារុស្ស៊ី-អ៊ុយក្រែនអាចឈានដល់តុចរចាបញ្ចប់សង្គ្រាមឆាប់ៗ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បានបង្ហាញ​នូវក្តី​សង្ឃឹមថា ​ប្រទេស​រុស្ស៊ី​និងអ៊ុយក្រែន អាចឈាន​ដល់តុចរចា​បញ្ចប់​សង្គ្រាម​ក្នុងពេល​ឆាប់ៗនេះ។

សម្តេចតេជោ​ថ្លែងបែបនេះ ក្នុងឱកាស​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក អាណាតូលី ប៉ូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា នាព្រឹក​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅវិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា បានថ្លែង​ប្រាប់អ្នកសារព័ត៌មាន​ឱ្យដឹង​នៅក្រោយ​ជំនួបថា ក្នុងឱកាស​នៃជំនួប សម្ដេចតេជោ ហ៊ុន សែន នៅតែ​បញ្ជាក់​ពីជំហរ​របស់​សម្ដេច​ផ្ទាល់ ក៏ដូចជា​កម្ពុជា ដែលចង់​ឃើញប្រទេស​រុស្ស៊ី​និងអ៊ុយក្រែន អាចស្វែងរក​ដំណោះស្រាយ​ដោយសន្តិវិធី តាមរយៈ​កិច្ចសន្ទនា​​និងចរចា ដើម្បី​បញ្ចប់​សង្គ្រាម​រវាង​ប្រទេស​ទាំងពីរ​ដែលបាន​អូសបន្លាយ​ប្រមាណ​ជាង ៤ ឆ្នាំមកហើយ។

សម្ដេចតេជោ​បានប្រាប់​ទៅកាន់​លោកឯកអគ្គរដ្ឋទូត​រស្ស៊ីថា មានតែ​ការចរចា​ប៉ុណ្ណោះ​ទើបអាច​បញ្ចប់​សង្គ្រាមបាន សង្ឃឹម​ថាការ​ចរចា​រវាង​​ភាគី​​ពាក់​ព័ន្ធ​នឹងឈាន​ទៅដល់​ដំណោះស្រាយ រហូតដល់​បញ្ចប់​សង្គ្រាម​រវាង​រុស្ស៊ី​និងអ៊ុយក្រែន​បានឆាប់។

សម្តេចតេជោ​ក៏បាន​ចែករំលែក​បទពិសោធ​និងទស្សនៈ​របស់​សម្តេច លើអភិក្រម​យុទ្ធសាស្ត្រ​គ្រប់គ្រង​ស្ថានការណ៍​សង្គ្រាម និងយុទ្ធសាស្ត្រ​នៃការចរចា​ស្វែងរក​សន្តិភាព​ជូនកម្ពុជា រាល់ការ​ចរចា​សន្តិភាព ដែលទទួលបាន​ជោគជ័យ គឺត្រូវតែ​មានការ​ចូលរួម​ពីភាគី​ជម្លោះ​ពាក់ព័ន្ធ ហើយត្រូវ​ចាប់ពី​តូចទៅធំ។

សម្ដេចតេជោ ហ៊ុន សែន ក៏បាន​គូសបញ្ជាក់​ពីការ​ទទួលស្គាល់​របស់​កម្ពុជា​ចំពោះ​ផលលំបាក ទុក្ខវេទនា និង រសជាតិ​សង្រ្គាម ព្រោះ​កម្ពុជា​ដែលជា​ប្រទេស​ធ្លាប់ឆ្លងកាត់​សង្គ្រាម​ស៊ីវិល​រាប់ទសវត្សរ៍ ដឹងយ៉ាង​ប្រាកដ​ថា មិនអាច​យកសង្រ្គាម​ទៅបញ្ចប់​សង្រ្គាម​បានទេ៕

你可能还喜欢