រាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើត ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត «ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​អនុវត្តច្បាប់ និងអន្តរាគមន៍ជំនួយ​ផ្នែកច្បាប់​ជូនប្រជាពលរដ្ឋ​ដែលពុំមាន​លទ្ធភាព​ពឹងពាក់​សេវាវិជ្ជាជីវៈច្បាប់។

យោងតាម​​សេចក្តី​សម្រេច​ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ស្តីពី​ការ​បង្កើត «ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» បានឱ្យដឹងថា តួនាទី​របស់ «ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» រួមមាន ជាសេនាធិការ​ជូននាយករដ្ឋមន្ត្រី​លើកិច្ចការច្បាប់។ ធ្វើការសិក្សា អង្កេតស្រាវជ្រាវ និង លើកយោបល់​ពាក់ព័ន្ធ​នឹងការស្នើសុំ​អន្តរាគមន៍​ជំនួយ​ផ្នែកច្បាប់​ជូនប្រជាពលរដ្ឋ​ដែលពុំមាន​លទ្ធភាព​ពឹងពាក់​សេវា​វិជ្ជាជីវៈច្បាប់ ទៅតាម​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី។ សម្របសម្រួល​ ទំនាក់ទំនង និង សហការ​ជាមួយ​ក្រសួង ស្ថាប័នថ្នាក់ជាតិ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ និងបណ្តា​ភាគី​ពាក់ព័ន្ធ ដើម្បី​សម្រេច​ភារកិច្ច​ឱ្យមាន​ប្រសិទ្ធភាពខ្ពស់ ព្រមទាំង​បំពេញ​ភារកិច្ច​ផ្សេងៗទៀត តាមការ​ប្រគល់​ពីនាយករដ្ឋមន្ត្រី។

«ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» គឺចំណុះ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដែលមានសមាភាពលោក ម៉ុក ច័ន្ទសុធា ជាប្រធាន លោក ចេង ប៉េងហាប់ និងលោក ហាក់ សុភារិទ្ធ ជាអនុប្រធាន លោក ជា សុធារ៉ា លោក លី សុវណ្ណបញ្ញា លោក ឆាយ សុធា លោក ផាន់ លីវ៉ា លោក សួស សារុន លោក ហេង សុផារិទ្ធ និង លោក រស់ ឧត្តម ជាសមាជិក៕

你可能还喜欢