កម្ពុជាមានសាលាឯកជននៅគ្រប់កម្រិតជិត ៦ ០០០ សាលានៅទូទាំងប្រទេស
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានសាលាឯកជននៅគ្រប់កម្រិតប្រមាណ ៥ ៧៤៧ សាលានៅទូទាំងប្រទេស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
លោក ហង់ជួន ណារ៉ុន បានលើកឡើងថា ក្នុងចំណោមសាលាគ្រប់កម្រិត ៥ ៧៤៧ សាលា ក្នុងនោះ សាលាមត្តេយ្យមានចំនួន ៤ ៣០០ សាលាក្នុងចំណោម ៩ ០០០ សាលា ក្នុងនោះ មត្តេយ្យសហគមន៍មានចំនួនជាង ៣ ០០០ សាលា។ សាលាបឋមសិក្សាមានចំនួន ៨៩០ សាលា ក្នុងចំណោម ៧ ៤០០ សាលា មានសិស្ស ២,២ លាននាក់។ សាលាមធ្យមសិក្សាមានចំនួន ៤៤២ សាលា ក្នុងចំណោមជាង ១ ៨០០ សាលា និងគ្រឹះស្ថានឧត្តមសិក្សាមានចំនួន ១១៥ ក្នុងចំណោម ១៩៤ កន្លែង។ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ សាលារៀននៅទូទាំងប្រទេសសរុបមានចំនួន ១៩ ៥៩១ សាលា ដោយមានសិស្សនិស្សិតសរុប ៤ ១៧១ ៩៦២ នាក់។
លោកបានណែនាំដល់គ្រប់គ្រឹះស្ថានអប់រំទាំងអស់ ឱ្យយកចិត្តទុកដាក់អប់រំកុមារចាប់ពីតូចឡើងទៅ បើទោះបីជាក្នុងយុគសម័យបច្ចេកវិទ្យា ដើម្បីឱ្យកុមារក្លាយជាធនធានដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។ លោកបានបញ្ជាក់ថា ក្មេងដែលមានការថែទាំល្អ ក៏មានការលូតលាស់ល្អទៅតាមហ្នឹងដែរ ដូច្នេះគុណភាពធនធានមនុស្សត្រូវតែបំប៉នចាប់ពីកុមារតូចនៅបឋមសិក្សា គឺធ្វើយ៉ាងណាឱ្យកុមារចេះអាន ចេះសរសេរ ចេះគិតលេខ ហើយឱ្យកុមារមានកាយសម្បទា បំណិនសម្បទា និង ចរិយាសម្បទា។ លើសពីនេះទៀត ត្រូវឱ្យកុមាររៀនភាសាខ្មែរឱ្យច្បាស់ជាមុនសិន មុននឹងរៀនភាសាផ្សេងទៀត ដូចជាភាសាអង់គ្លេសឬភាសាចិន៕