សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៖ ការដាក់ឱ្យ​អនុវត្ត​ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ថា៖ ការដាក់ឱ្យ​អនុវត្ត​ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ​គឺដើម្បីជំរុញឱ្យ​មាន​ការវិនិយោគឯកជនកាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច បង្កើតការងារ និងភាពទាក់ទាញ ប្រមូលផ្តុំ​ប្រជាជន​យើងឱ្យ​ទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើង នៅក្នុងតំបន់នេះ ។

សម្ដចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមលើលក្ខណៈពិសេស សម្រាប់កម្មវិធីពិសេស​នៅភូមិភាគឦសាន រួមមាន ៖ទី១. ការផ្តល់ការលើកទឹកចិត្តលើសលុបដែលលើសពីច្បាប់ វិនិយោគ ហើយបើកវិសាលភាពធំទូលាយ រួមទាំងការងារពាក់ព័ន្ធនឹងពន្ធ។ ទី២.​ យន្តការច្រកចេញចូលតែមួយ ដោះស្រាយបញ្ហានៅនឹងកន្លែង ដែលវិនិយោគិន អាចដាក់ពាក្យ​ស្នើសុំការអនុម័តគម្រោង និងលិខិតស្នាមពាក់ព័ន្ធ​ផ្សេងៗទៀត ជាមួយនឹងក្រុមការងារ​តែម្តង ។ ទី៣. ការជំរុញវិនិយោគិនក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ដោយបានបន្ធូរបន្ថយលក្ខខណ្ឌ​នៃ​ទំហំទុន​វិនិយោគ ។ ទី៤. ការផ្តល់ហិរញ្ញប្បទាន​គាំទ្រ ដោយរាជរដ្ឋាភិបាលនឹងត្រៀមថវិកាមួយចំនួន​ ដើម្បី​ដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ។ ទី៥. ការខិតខំជំរុញធនធានមនុស្សគាំទ្រ​ ដោយរាជរដ្ឋាភិបាលបាន​សម្រេចផ្តល់ការលើកទឹកចិត្ត​ ដោយ​កំណត់លក្ខខណ្ឌលើកលែងពន្ធលើប្រាក់បៀវត្សសម្រាប់កម្មករនិយោជិតជាជនជាតិខ្មែរ ដែលទទួលបានប្រាក់បៀវត្សប្រចាំខែ ស្មើនឹង ឬតិចជាង ២ លាន​រៀល និងបម្រើការងារនៅក្នុងគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ ( គ.ល.គ.) ដែលមានប្រតិបត្តិការក្នុងខេត្តណាមួយ នៃខេត្តទាំងបួន នៅភូមិភាគឦសាន ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានផ្ដល់អនុសាសន៍មួយចំនួន ដលើក្រុមការងារជំរុញការវិនោយោគក្នុងភូមិភាគឦសាន​ (ក្រុមការងារ) រួមមាន៖ ទី១. ក្រុមការងារត្រូវបំពេញភារកិច្ចរបស់ខ្លួនក្នុងស្មារតីជាក្រុម ដោយប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយក្រុមការងារត្រូវធានាឱ្យបាននូវសង្គតិភាព ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម និងអនុវត្តឱ្យបានលឿន ។ ទី២. ក្រុមការងារត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីពិសេសជំរុញការវិនិយោគ​នេះ ឱ្យបានទូលំទូលាយ, ធ្វើការពន្យល់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ។ ទី៣. គ្រប់តួអង្គពាក់ព័ន្ធដទៃទៀត, ជាពិសេស វិស័យឯកជន ក៏ត្រូវចូលរួមជាមតិយោបល់ និងផ្តល់ធាតុចូលគ្រប់ពេល តាមការចាំបាច់ក្នុងស្មារតីកែលម្អការអនុវត្ត និងធានានូវជោគជ័យនៃកម្មវិធីពិសេសជំរុញការវិនិយោគ​នេះ ។ ទី ៤. ក្រុមការងារត្រូវ​ខិត​ខំដោះស្រាយបញ្ហាប្រឈម ដែលជាកង្វល់របស់វិនិយោគិន និងជំរុញ​ការអនុវត្ត​ការងារគាំទ្រផ្សេងៗ ដូចជា​ ការ​អនុញ្ញាតឱ្យមានការបញ្ជាក់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ នៅខេត្តជាប់ព្រំដែនដែលមានច្រកអន្តរជាតិ; ការ​ពន្លឿនការចុះបញ្ជីដីធ្លី ឬប័ណ្ណកម្មសិទ្ធិដីធ្លីនៅតាមតំបន់ជាយក្រុង ឬទីប្រជុំជននៃបណ្តាខេត្តនីមួយៗ , ការបែងចែកតំបន់សម្រាប់វិនិយោគឱ្យបានត្រឹមត្រូវ ដោយបែងចែកទីតាំងណាសម្រាប់អភិវឌ្ឍលើវិស័យអ្វីឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការអភិវឌ្ឍអ្វីមួយប៉ះពាល់ដល់វិស័យអាទិភាពផ្សេងទៀតនៅក្នុងតំបន់។ បន្ថែមពីនេះ ត្រូវគិតគូរយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស បទល្មើសបច្ចេកវិទ្យា ហើយត្រូវការពារវិនិយោគិនដែលត្រឹមត្រូវ ។

ជាទីបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអនុវត្តកម្មវិធីពិសេសនេះ គឺជាសក្ខីភាពនៃ​ឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការខិតខំពង្រីក និងចែកចាយផលលាភ ពីកំណើនសេដ្ឋកិច្ច ទៅដល់គ្រប់មជ្ឈដ្ឋាននៃ ប្រជាជនខ្មែរ៕

你可能还喜欢