សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» ជាភាសាខ្មែរ

ក្នុងឱកាសដែលឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែមេសា តាមម៉ោងក្នុងតំបន់ ពិធីសម្ពោធការចាក់ផ្សាយកម្មវិធី 《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》 (ភាសាខ្មែរ) ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើនៅរាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការចាក់ផ្សាយកម្មវិធីនេះនៅកម្ពុជា។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងក្នុងសារលិខិតថា មិត្តភាពកម្ពុជា-ចិន បានធន់នឹងការសាកល្បងនៃប្រវត្តិសាស្ត្រនិងពេលវេលា ប្រទេសចិនគឺជា មិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា។ ក្រោមការយកចិត្តទុកដាក់ និងការជំរុញរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរកម្ពុជា-ចិន ទំនាក់ទំនងរវាងកម្ពុជានិងចិន បានឈានចូលដល់ដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចរបស់ឯកឧត្ដម ស៊ី ជិនពីង ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយមើលឃើញថា កម្មវិធី «ប្រយោគបុរាណចិនដែលលោក ស៊ី ជិនពីង ចូលចិត្ត» ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន កំពុងចាក់ផ្សាយនៅកម្ពុជា។

សម្តេចតេជោ បានសង្ឃឹមថា កម្មវិធីមួយនេះនឹងបំពេញបន្ថែមនូវថាមពលវប្បធម៌ទៅក្នុង ការពង្រឹងមិត្តភាព និងការប្រាស្រ័យទាក់ទង របស់ភាគីទាំងពីរ ក៏ដូចជាបំផុសគំនិត សម្រាប់ដោះស្រាយបញ្ហាចំណុចក្ដៅ ដែលពិភពលោកកំពុងប្រឈម។ សម្ដេចតេជោក៏បានបន្ថែមថា ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន គឺជាចំណងតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ ។ យើងមានសេចក្ដីសោមនស្សរីករាយដែលបានឃើញថា កិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនដែលមាន “វិទ្យុមិត្តភាពកម្ពុជា-ចិន” ជាតំណាងដែលសហការ ដំណើរការដោយវិទ្យុជាតិកម្ពុជា និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ទទួលបានលទ្ធផលជាផ្លែផ្កា។

សម្ដេចជឿជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះនឹងបង្កើតជាស្ពានថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរ កម្ពុជានិងចិនក្នុងការពង្រឹងការយល់ដឹង និងបង្កើនទំនុកចិត្តទៅវិញទៅមក ព្រមទាំងជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ឱ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព និងយូរអង្វែង។

កម្មវិធី 《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》 (ភាសាខ្មែរ) បានសម្រង់កំណាព្យ និងសុភាសិតបុរាណចិន ដែលដកស្រង់ចេញពីសុន្ទរកថា អត្ថបទ និងកិច្ចសន្ទនាសំខាន់ៗ របស់លោក Xi Jinping ប្រធានរដ្ឋចិន ផ្តោតសំខាន់លើ ប្រធានបទដូចជា សហគមន៍រួមវាសនានៃមនុស្សជាតិ ការការពារបរិស្ថាន ការបន្តវេននិងការច្នៃប្រឌិតវប្បធម៌ ការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាខាងអរិយធម៌ទៅវិញទៅមក រវាងអរិយធម៌នានាជាដើម ដកស្រង់និងអធិប្បាយអំពីខ្លឹមសារនៃយុគសម័យថ្មី និងតម្លៃសកលភាវូបនីយកម្ម នៃវប្បធម៌ប្រពៃណីចិន ដែលបង្ហាញពីមូលដ្ឋានវប្បធម៌នៃការធ្វើទំនើបកម្មតាមបែបផែនចិន និងបង្ហាញយ៉ាងរស់រវើកពី តម្រិះប្រាជ្ញានយោបាយដ៏ឆ្នើម មនោសញ្ចេតនាវប្បធម៌មនុស្សជាតិ និងទស្សនៈប្រវត្តិសាស្ត្រទូទៅ និងទស្សនៈពិភពលោកដ៏ទូលំទូលាយរបស់ឯកឧត្តមប្រធានរដ្ឋចិន Xi Jinping៕

វិទ្យុមិត្តភាពកម្ពុជាចិន

 

你可能还喜欢