សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការទាក់ទាញវិនិយោគិន ទាមទារការសហការ និងការផ្តល់លក្ខណៈងាយស្រួលពីគ្រប់ភាគី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា ការទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជា មិនមែនជារឿងងាយស្រួលនោះទេ ប្រសិនបើមិនមានការសហការ និងការផ្តល់លក្ខណៈងាយស្រួលពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia នៅខេត្តពោធិ៍សាត់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យស្ថាប័នថ្នាក់ក្រោមជាតិខិតខំបង្កើនលក្ខណៈងាយស្រួល និងដោះស្រាយបញ្ហាផ្សេងៗ រួមទាំងបញ្ហាដីធ្លី និងវិនិយោគ ឱ្យបានល្អសម្រាប់វិនិយោគិន។
សម្តេចបវរធិបតីបានកត់សម្គាល់ថា ភាពជោគជ័យនៃការទាក់ទាញវិនិយោគិនមកដល់ពេលនេះ គឺដោយសារការខិតខំប្រឹងប្រែង និងការសហការពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្នុងការជួយសម្រួល និងផ្តល់លក្ខណៈងាយស្រួលដល់វិនិយោគិន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «មិនមែនរឿងងាយស្រួលទេ ឯកឧត្តម លោកជំទាវ អស់លោក ទៅទាក់ម៉ូយ មិនងាយស្រួលទេ ទាក់ម៉ូយហើយ ឱ្យគេសម្រេចចិត្តមកដាក់ទុន មិនស្រួលទេ គេដាក់ទុនហើយ គេនៅជាមួយយើងយូរ គេនៅជាមួយយើងយូរហើយ គេពង្រីកទៀត គេទុកចិត្តលើយើងមិនងាយស្រួលទេ ចឹងបានន័យថាមិច បានន័យថា ដើម្បីឱ្យមានការរីកចម្រើនមកដល់ម៉ោងនេះ ទាល់តែមានលទ្ធផលនៃការសហការទាំងអស់គ្នា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។
សម្តេចបវរធិបតីបានថ្លែងអំណរគុណ និងអំពាវនាវឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធបន្តចូលរួមខិតខំជួយបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា។